Wednesday, March 26, 2014

ជម្រើសរបស់ខ្ញុំគឺសំុទាន

សរសេរដោយ៖ ជា សឹង្ហតារាឬទិ្ធ និង អឿ វារីដា

ដើរចល័តចុះឡើងៗទៅតាមភ្លើងសញ្ញាចរាចរណ៍ កុមារាសំបុរខ្មៅម្នាក់ ពាក់អាវចាស់ពណ៌បៃតង រូបតារាចម្រៀងកូរ៉េដ៏ល្បីល្បាញម្នាក់ ប្រដាប់ដោយអំបោសរោមមាន់នៅនឹងដៃ កំពុងលើកដៃ សុំលុយពីស្រ្តីវ័យកណ្តាលម្នាក់ដែលកំពុងអង្គុយក្នុងឡានទំនើបរបស់ខ្លួនរង់ចាំភ្លើងសញ្ញាពណ៌ បៃតង ហាក់បីដូចជាចង់ទៅមុខ ឲ្យផុតពីការតាមសំុរបស់កុមារមាឌតូចល្អិតមួយរូបនេះ។

«ពួកគាត់ជិះសុទ្ធតែឡានទំនើបៗ តែពួកគាត់គ្មានទេសូម្បីតែ៥០០រៀលឲ្យក្មេងសំុទាន។» នេះជាសម្តីរបស់ប្អូនប្រុស ម៉ៅ ដែលកំពុងរៀបរាប់ ក្នុងស្ថានភាពបែកញើសសស្រាក់ក្រោយ ពីឈរសំុលុយអស់រយៈពេលមួយសន្ទុះ ក្រោយកំដៅថ្ងៃ។

អង្គុយបានមួយសន្ទុះ ប្អូនប្រុសម៉ៅដែលមានមាឌតូចល្អិតមិនសមនឹងវ័យ១០ឆ្នាំរបស់គាត់នោះ បាននិយាយដោយទឹកមុខក្រៀមក្រំថា៖ «មួយព្រឹកវាល់ល្ងាចហើយ ខ្ញុំសំុមិនទាន់បានដល់ ១រៀល [១ដុល្លា] ផង។ រាល់ដងមួយថ្ងៃយ៉ាងហោចណាស់ក៏ខ្ញុំសំុបាន៦ទៅ៧ពាន់រៀលដែរ។» ប្អូនប្រុសបានឲ្យដឹងទៀតថា លុយដែលសុំបានទាំងប៉ុន្មានគឺគាត់យកទៅឲ្យម្តាយរបស់គាត់ទាំង អស់។

កុមារារូបនេះរស់នៅតែ២នាក់ម្តាយ និងកូននៅក្នុងផ្ទះខ្ទមតូចមួយ ប្រក់ដោយបាវសុីម៉ង់ នៅតាម បណ្តោយផ្លូវរថភ្លើងដ៏ចាស់ទ្រុឌទ្រោម ដែលត្រូវបានស្គាល់ថាជាតំបន់អាណាធិបតេយ្យមួយក្នុង ទីក្រុងភ្នំពេញ។

«ម៉ែខ្ញុំដើររើសអេតចាយនៅតាមផ្លូវ និងតាមសាលារៀនយកទៅលក់គ្រាន់នឹងបានលុយទិញម្ហូប។ គាត់ឲ្យខ្ញុំមកសំុទាន ខ្ញុំក៏ធ្វើតាមគាត់ប្រាប់ទៅ។» ប្អូនម៉ៅនិយាយដោយទឹកមុខធម្មតាហាក់ដូចជា មិនមានការអាក់អន់ចិត្តអ្វីទាល់តែសោះ។

ឆ្លើយតបនឹងសំនួរសួរអំពីឪពុករបស់គេ ប្អូនប្រុសម៉ៅឆ្លើយដោយស្រួលថា «ខ្ញុំមិនដែលឃើញមុខ ប៉ាអីនឹងគេទេតាំងពីកើតមក។ ធ្លាប់សួរម៉ែដែរតែគាត់មិនប្រាប់ ខ្ញុំក៏មិនដែលខ្វល់បានប្រយោជន៍ អីដែរ។»

អង្គុយបានស្ងួតញើស ប្អូនប្រុសម៉ៅបានទៅបន្តការសុំទានទៀតជាមួយក្មេងៗមួយក្រុម ដែលមាន អាជីពដូចគាត់ដែរ។ ជីវិតរបស់ពួកគេរាល់ថ្ងៃគឺពឹងផ្អែកលើជំនាញសុំទាន និងសំណាងរបស់ ពួកគេ។ ពួកគេគ្មានបានទៅរៀននៅសាលាអ្វីនឹងគេ។

«ខ្ញុំរកអ្វីញាុំមិនចង់បានផង ទៅរៀនបានការអី។ ជួនកាលឃើញគេទៅរៀនសប្បាយចង់ទៅនឹង គេដែរ តែវាទាស់ត្រង់អត់លុយ។ បើមានលុយវិញទៅរៀននឹងគេដែរហើយ» គាត់បានរៀបរាប់ទាំង ទឹកមុខញញឹម ព្រោះទើបតែទទួលបាន៥០០រៀលពីអ្នកដំណើរម្នាក់ដែលឈប់ម៉ូតូនៅភ្លើងស្តុប ទួលគោក។


ជាមួយកែវភ្នែកប្រកបដោយក្ដីសង្ឃឹម កុមារាម៉ៅបាននិយាយដោយស្នាមញញឹមលើផ្ទៃមុខប្រឡាក់ ប្រឡូកដោយធូលីថា៖ «ពេលធំឡើងខ្ញុំចង់រកលុយឲ្យបានច្រើនយកឲ្យម៉ែខ្ញុំ។ ខ្ញុំតាំងចិត្តធ្វើជា ជាងម៉ូតូដ៏ពូកែម្នាក់នៅថ្ងៃអនាគត ព្រោះបើតាមខ្ញុំសង្កេតមើលជាងធ្វើម៉ូតូរកលុយបានច្រើន ណាស់។»

No comments:

Post a Comment