Tuesday, April 22, 2014

សង្រ្កានភូមិខ្ញុំ

សង្រ្កាន្តភូមិខ្ញុំ



សរសេរដោយ ជា សឹង្ហតារាឬទ្ធិ
សៀមរាប៖ នៅខាងកើតប្រាសាទបាយ័ន កៀកទៅនឹងព្រះលានជល់ដំរី មានការធ្វើជា ភូមិនិមិត្តមួយ ដែលគេឲ្យឈ្មោះថា ភូមិខ្ញុំ។ ភូមិនេះត្រូវបានសាងសង់ដោយក្រុមការងារ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៤ សម្រាប់ទទួលស្វាគមន៍ប្រជាជនក្នុងស្រុក និងក្រៅ ស្រុក ដែលមកកំសាន្តលេងនៅទីក្រុងអង្គរក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរចំនូួន៣ថ្ងៃ គិតចាប់ពីថ្ងៃ ទី១៤ ដល់១៧ ខែមេសា។  

លាតសន្ធឹងពីចុងប្រាសាទបាយ័ន ទៅដល់ព្រះលានជល់ដំរី ភូមិនិមិត្តមួយនេះត្រូវ បានសាងសង់អស់រយៈពេល២០ថ្ងៃ ដោយមានអ្នកសាងសង់ចំនួន៨០នាក់។ ភូមិនេះត្រូវ បានសាងសង់ឡើងក្នុងទម្រង់រចនាបទភូមិប្រពៃណីខ្មែរ ក្នុងគោលបំណង់ចង់បង្ហាញពី ជីវភាពរស់នៅ ក៏ដូចជាសិល្បៈប្រពៃណីរបស់ប្រជាកសិករខ្មែរតាមរដូវពេញមួយឆ្នាំ។

ដើម្បីឲ្យស្របទៅនឹងគោលបំណង់នៃការសាងសង់ភូមិខ្ញុំនេះ ក្រុមការងារព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត បានសាងសង់សំណង់និមិត្តធំៗចំនួន៤ ដែលមានអត្ថន័យបង្ហាញពី ជីវភាពរស់ នៅប្រចាំរដូវពេញមួយឆ្នាំរបស់បងប្អូនប្រជាកសិករខ្មែរ។ សំណង់ទាំងនោះមានដូចជា៖ ផ្ទះទឹកតំណាងឲ្យរដូវវស្សា (ដែលប្រជាកសិករចាំផ្តើមធ្វើស្រែចំការ) ផ្ទះធំតំណាងឲ្យចុង រដូវវស្សា (ដែលស្រែចំការចាប់ផ្តើមមានផ្លែផ្ការ) ផ្ទះសឹ្លកតំណាងឲ្យរដូវរំហើយ (ដែល ប្រជាកសិករចាប់ផ្តើមប្រមូលផល) រោងល្ខោងបុរាណតំណាងឲ្យរដូវប្រាំង (ដែលប្រជា កសិករសម្រាក់លំហែ ទស្សនាល្ខោនក្រោយពីការប្រមូលផលរួច)។

ដើម្បីឲ្យទិដ្ឋភាពភូមិខ្ញុំកាន់តែមានសភាពរស់រវើក ក្រុមការងារព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏បានសង់ជារោងផ្សារប្រក់ស្លឹក ដែលបែងចែកជា២ផ្នែក គឺផ្សារបន្លែ និងផ្សារលក់សាច់ ហើយក៏មានជាការលក់ម្ហូបអាហារជាក់ស្តែង និងវត្ថុអនុស្សាវរិយ៍ផងដែរ។ បន្ថែមពីនេះ ទៀត ក៏មានការដាក់តាំងពិពណ៌ជាច្រើនប្រភេទដូចជា៖ ពិពណ៌សិប្បកម្ម ពិពណ៌ថ្ម (ថ្មកែវ ថ្មធម្មតា) ពិពណ៌ធូបខ្មែរ ពិពណ៌រទេះ ពិពណ៌ត្បាល់ និង ពិពណ៌ស្បែក។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅក្នុងភូមិខ្ញុំនេះមានវេទិការសម្តែងចំនួន៤ធំៗ ដែលក្នុង មួយថ្ងៃមាន៨កម្មវិធីសម្តែងជូនទស្សនិកជន ក្នុងន័យផ្សារភ្ជាប់ជីវភាពរស់នៅរបស់ប្រជា កសិករខ្មែរ ទៅនឹងសិល្បៈប្រពែណីខ្មែរ។ កម្មវិធីសម្តែងទាំងនោះមានដូចជាមានដូចជា ការសម្តែងរបាំប្រពៃណីខ្មែរ ល្ខោនស្បែកធំ ល្ខោនស្បែកតូច និងល្ខោកបាសាក់។

គួរបញ្ជាក់ផងដែរថា ភូមិខ្ញុំឆ្នាំនេះបានធ្វើឡើងតាមលំនាំភូមិខ្ញុំឆ្នាំ២០១៣ ដែលមាន ទីតាំង និងថ្ងៃដូចគ្នា ប៉ុន្តែមានភាពខុសប្លែកពីឆ្នាំមុនបន្តិចបន្តួច ត្រង់អត្ថន័យ និងបច្ចេទេស។

លោក សូវណ្ណារ៉ា ដែលជាប្រធានគ្រប់គ្រង់ភូមិខ្ញុំ បានឲ្យដឹងថា៖ អ្វីដែលខុសប្លែក ពីឆ្នាំមុនគឺ ឆ្នាំមុនមានការតំឡើងផ្ទះចំនួន១០ ដែលចង់បង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែឆ្នាំនេះមានតែផ្ទះ៤តែប៉ុន្នោះ ក្នុងគោលបំណង់ចង់បង្ហាញ ពីជីវភាពរស់នៅតាមរដូវកាល និងភ្ជាប់ជាមួយរបាំតាមរដូវកាលដើម្បីបង្ហាញពី ជីវភាព រស់នៅ ក៏ដូចជាពិធីបុណ្យនាមួយៗរបស់ប្រជាពលរដ្ឋខ្មែរ។ លោកក៏បានបន្តទៀតថា
ឆ្នាំនេះមានការបំភ្លឺភ្លើងពណ៌នៅក្នុងភូមិ ក៏ដូចជាមានការលំអខ្លែងឯកដ៏ធំ ដើម្បីធ្វើឲ្យ ទស្សនីយភាពពេលរាត្រីកាន់តែមានភាពទាក់ទាញ។

អ្វីដែលគួរភ្ញាក់ផ្អើរនោះគឺ ភូមិខ្ញុំឆ្នាំ២០១៤នេះក៏បានទាក់ទាញចំនួនទស្សនិកជនក្នុង ស្រុក និងក្រៅស្រុក ឲ្យមកចូលរួមទ្វេដង់ បើធៀបនឹងឆ្នាំ២០១៣។

កញ្ញា នីដា ដែលជាភ្ញៀវទេសចរណ៍មកពីរាជធានីភ្នំពេញបានបង្ហាញពីចំណាប់អារម្មណ៍ ថា៖ នេះជាលើកទី២របស់ខ្ញុំហើយ ដែលបានមកលេងនៅភូមិខ្ញុំក្នុងងព្រឹត្តិការណ៍អង្គរ សង្រ្កាន្ត ឆ្នាំនេះភូមិខ្ញុំពិតជាមានសភាពអូអរ និងសប្បាយជាងឆ្នាំងទៅ។ កញ្ញាក៏បានសំនូមពរឲ្យមានកម្មវិធីភូមិខ្ញុំ ក៏ដូចជាព្រឹត្តិការណ៍អង្គរសង្រ្កាន្តទាំងមូល មានជារៀងរាល់ឆ្នាំ។

លោក សូវណ្ណារ៉ា ក៏បានលើកឡើងពីចំនួនទស្សនិកជនផងដែរថា៖ ក្នុង១កម្មវិធីសម្តែង មានអ្នកចូលរួមទស្សនាប្រមាណ១៥០០នាក់ ហើយបើសរុបទាំង៣ថ្ងៃមានអ្នកទស្សនា សរុបប្រមាណជា១មឺុននាក់


លោកក៏បានឲ្យដឹងដែលថា កម្មវិធីភូមិខ្ញុំនឹងធ្វើឡើងជាថ្មីម្តង់ទៀតនៅក្នុងព្រឹតិ្តការណ៍អង្គរ សង្រ្កាន្តឆ្នាំក្រោយ ដែលមានទំហំធំជាងឆ្នាំនេះទៀត។

No comments:

Post a Comment