Saturday, November 30, 2013

សមាគមន៍អ្នកសារព័ត៌មាន សម្តែងការរំលែកទុក្ខចំពោះអ្នកកាសែតរងគ្រោះ



ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ បានចេញសេចក្តី ប្រកាស ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះអ្នកសារព័ត៌មាន ដែលបានជួបឧប្បត្តិ ហេតុគ្រោះថ្នាក់ចរាចរណ៍។ ក្លឹបអ្នកកាសែតកម្ពុជា បានចាត់ទុកថាអ្នកកាសែតទាំងបីរូប ពិតជាមានស្នាដៃនិងបានចូល រួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្លឹបកាសែតកម្ពុជា គឺជាអង្គការឯករាជ្យ មានបេសកកម្មបម្រើផលប្រយោជន៍ និងការពារអ្នកកាសែតព្រមទាំងលើកកម្ពស់សេរីភាពសាពត៌មាន និងពង្រឹងវិជ្ជាជីវៈសារពត៌មាននៅក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ នៅត្រង់ចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។


សេចក្តីប្រកាសព័ត៌មាន បានបន្តថា នៅក្នុងគ្រោះថ្នាក់នេះ មានអ្នកកាសែតចំនួនបីរូបដែល មកពីស្ថាប័នកាសែតផ្សេងៗពីគ្នា បានចុះបំពេញបេសកម្មការងារ ចុះយកព័ត៌មានអំពី សកម្មភាពចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ដល់ប្រជាជនរងគ្រោះដោយសារ ទឹកជំនន់។

លោក ទី អ៊ុយសុង អ្នកយកព័ត៌មានកាសែត កោះសន្តិភាព បានទទួលមរណភាពក្នុង គ្រោះថ្នាក់នេះ ហើយលោក ស្រ៊ុយ នីកា អ្នកយកព័ត៌មានកាសែត រស្មីកម្ពុជា និង លោក អ៊ុក ប៊ុនវ៉ា អ្នកយកព័ត៌មានទូរទស្សន៍ រស្មីហង្សមាស រងរបួសយ៉ាងធ្ងន់ធ្ងរនិងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ។

លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា លោកក៏ដូចជា សមាជិកក្លឹបអ្នកកាសែតកម្ពុជាទាំងមូល មានការសោកស្តាយឥតឧបមា ដែលអ្នកកាសែត ដ៏មានស្នាដៃទាំងបីរូបបានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ។

គួរបញ្ជាក់ផង់ដែលថា ឧបទវហេតុនេះ គឺជាឧបទវហេតុលើកទីមួយហើយនៅក្នុងឆ្នាំនេះ។

No comments:

Post a Comment